ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥, នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ
------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន ក្រោមអធិបតីភាព លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសរបស់សមាគម ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, សាខាពន្ធដារ, សាខាគយនិងរដ្ឋាករ និងសាខារតនាគារ។
កម្មវិធីសំណេះសំណាលនេះមានការចូលរួមពី និវត្តជនចំនួន ៣២ រូប ក្នុងនោះមានស្រី ១១ រូប។ សូមគូសបញ្ជាក់ថា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី, សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចុះជួបសំណេះសំណាលជាមួយនិវត្តជនទូទាំង ២៥ រាជធានី-ខេត្ត ក្នុងជុំទី៣ ហើយនាឱកាសសំណេះសំណាលនេះ, លោកជំទាវបានផ្ដាំសួរសុខទុក្ខនិងការនឹករលឹករបស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីជូនចំពោះនិវត្តជនទាំងអស់។
ឆ្លៀតឱកាសជំនួបសំណេះសំណាលនេះ លោកជំទាវបានភ្ជាប់ជាមួយប្រាក់ឧបត្ថម្ភប្រគល់ជូនសមាជិកចំនួន ១រូប ដើម្បីចូលរួមសម្រាលបន្ទុកដល់ការព្យាបាលជម្ងឺ ស្របទៅតាមលក្ខខន្តិកៈជូនដល់សមាជិកផ្ទាល់ដល់៖ លោកស្រី ជុន ប៊ុណ្ណារី ជាសមាជិក ដែលកំពុងព្យាបាលជម្ងឺ។
បន្ថែមពីនោះ លោកជំទាវបាននាំយកអំណោយជាក្រម៉ាជូនបងប្អូនជានិវត្តជនបុរសម្នាក់ចំនួន ១ និង សំពត់សឹងជូននិវត្តជនស្ត្រីម្នាក់ចំនួន១ រួមមានថវិកាជូនដល់និវត្តជនទាំងអស់ក្នុងម្នាក់ទទួលបានទឹកប្រាក់ ១៥ ម៉ឺនរៀល ។
គោលបំណងការរៀបចំកម្មវិធីនេះគឺ៖
១. ផ្ដល់ការឧបត្ថម្ភគ្នាទៅវិញទៅមករវាងសមាជិកសមាគមទាំងអស់
២. ពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងបុគ្គលិកមន្រ្ដីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឱ្យកាន់តែរីកចម្រើន និងរឹងមាំ
៣. ជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដល់បុគ្គលិក មន្ដ្រីរាជការក្រសួង
៤. ផ្សេងៗ។